(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញបទបញ្ជា ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ដីព្រៃលិចទឹក។
លោកអភិបាលខេត្ត បានដាក់ចេញបទបញ្ជានេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្ត ក្នុងកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៅកាន់អង្គប្រជុំនាឱកាសនោះថា ដីព្រៃលិចទឹកគឺជាជម្រក (សម្បុក) ត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស។
អភិបាលខេត្ត បានរំលឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ និងបានទប់ស្កាត់រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរដោយ ខុសច្បាប់ ព្រោះដីព្រៃលិចទឹក ជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ព្រមទាំងមានសារ:សំខាន់ក្នុងការបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាសហគមន៍ និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ប៉ុន្តែទន្ទឹមនេះ ដីព្រៃលិចទឹក ក៏នៅតែមានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់នោះ មកជាកម្មសិទ្ធិឯកជនទៅវិញ៕