(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្តាច់ប្ញសគល់កូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត ៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុត។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ដើម្បីពិនិត្យពិភាក្សា និងកំណត់ទីតាំង ឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមឲ្យនៅតូច រហូតតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១១ខាងមុខនេះ ដើម្បីផ្តាច់ ប្ញសគល់ជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាទៅលើ ទីតាំងតំបន់ក្រហមទាំងអស់ នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះ ឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ តែម្ដង នៅថ្ងៃទី១៩ ឧសភាខាងមុខនេះ។ ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋាន ត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាង ការនាំជំងឺកូវីដ-១៩ ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុង មូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ ខែឧសភា នេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ ដើម្បីផ្ដាច់ឲ្យបានឫសគល់ជំងឺកូវីដ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្ត ៣កុំ និង៣ការពារ៕