(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងអំពាវនាវដល់ស្ដ្រីមានផ្ទៃពោះទូទាំងប្រទេស មកពិនិត្យសុខភាពឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យ និងត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល និងសារអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ៣ការពារ ៣កុំ។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សម្ភារការិយាល័យ ជូនអង្គភាពអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។
លោកស្រីបានថ្លែងបញ្ជាក់ថា «ទោះក្នុងស្ថានភាពរាតត្បាតជំងឺកូវីដ១៩នេះ ក៏សូមអំពាវនាវដល់ស្រ្ដីមានផ្ទៃពោះ មកទទួលសេវាពិនិត្យសុខភាពឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យ ដែលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ នៅជិតផ្ទះលោកអ្នក ដោយប្រកាន់ភ្ជាប់នូវវិធាន ៣ការពារ ៣កុំ ដើម្បីចៀសផុតពីការហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ផងដែរ»។
មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះបានថ្លែងបន្ដថា «ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គរបស់មន្ដ្រីសុខាភិបាលយើង ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋនោះទេ ជាពិសេស ការផ្ដល់អាហារូបត្ថម្ភទៅដល់មាតា និងទារក។ បច្ចុប្បន្ននេះ គឺកំពុងអនុវត្ដគម្រោងអាហារូបត្ថម្ភនេះ ទៅលើខេត្ដចំនួន៧ ដែលមានស្ដ្រី និងកុមារ ជាង ១លាន៧សែននាក់ ហើយក្នុងនោះសុទ្ធសឹងជាខេត្ដ មានប្រជាជនរស់នៅដាច់ស្រយាល។ លើសពីនោះ យើងនឹងពង្រីកសក្ដានុពលបន្ថែមទៀត ដើម្បីលាតសន្ធឹងទូទាំងប្រទេស ក្នុងការជួយឧបត្ថម្ភ មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ដល់កុមារអាយុក្រោម១ពាន់ថ្ងៃ»។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជានេះ ជួយគាំពារឱ្យមាតា និងទារកមានសុខភាពល្អ មានការរីកលូតលាស់ទៅតាមអាយុកាល ពិសេសលើកុមារ អាយុក្រោម១ពាន់ថ្ងៃ។ គម្រោងអាហារូបត្ថម្ភនេះ មានសមាសភាពចំនួន៣ គឺទី១៖ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ឱ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្ដភាព និងមានគុណភាពល្អ ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងសុខភាពមាតា និងទារក,ទី២៖ ការគាំទ្រពីសហគមន៍ និងទី៣៖ ការអនុវត្ដគម្រោង ដើម្បីឆ្លើយតបទាន់ពេលវេលាអាទិភាពរបស់សកម្មភាពនីមួយៗ។
ជាមួយគ្នានោះ លោកស្រី យក់ សម្បត្ដិ បានគូសបញ្ជាក់ថា គោលដៅនៃគម្រោងអាហារូបត្ថម្ភទៅលើខេត្ដចំនួន៧នេះ រួមមាន៖ ខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ឆ្នាំង ស្ទឹងត្រែង ព្រះវិហារ និងខេត្ដកោះកុង និងបន្ដពង្រីកសក្ដានុពលបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបការយល់ដឹងដល់មាតា ចាប់ពីមានផ្ទៃពោះ រហូតក្រោយសម្រាល ដោយការទទួលយកវ៉ាក់សាំងបង្ការរបស់ទារក អាហារបំប៉ន ទម្ងន់ និងអត្ថប្រយោជន៍នៃការបំប៉ៅកូនដោយទឹកម្ដាយជាដើម៕