(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស នៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បុរសដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ លី បូរ៉ែន អាយុ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិរកាខ្ពស់ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានរកឃើញក្នុងចំណោមក្រុមការងាររបស់ខ្លួន ដែលដឹកសម្ភារជាប្រភេទទុយោទឹកចេញពីស្រុកស្អាង ដើម្បីចែកចាយតាមបណ្ដាខេត្តនានា។

ដោយឡែក អ្នកពាក់ព័ន្ធស្និទ្ធស្នាលដោយផ្ទាល់ជាអ្នកជំងឺកូវីដរូបនេះ ចំនួន៣នាក់ ត្រូវបានក្រុមគ្រូពេទ្យរកសំណាកជាលើកដំបូង គឺអវិជ្ជមានទាំង៣នាក់ និងត្រូវដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ដើម្បីតាមដានសុខភាពតាមបច្ចេកទេស និងវិធានការសុខាភិបាល។ ខណៈអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ របស់ខេត្តស្ទឹងត្រែង៕