(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសម្រេចបន្ដអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។
តាមរយៈសេចក្តីសម្រេច រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖
*ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង២០ ដល់ម៉ោង ៣ព្រឹក ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ ជាលក្ខណៈ វេចខ្ចប់បាន
*ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត
*គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ
*ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹងរាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្តុំមនុស្សលើសពី ២នាក់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានឱ្យដឹងថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង២០ ដល់ម៉ោង ៣ព្រឹក លើកលែងតែចំពោះករណីដូចខាងក្រោម៖
*ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
*ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖