(បាត់ដំបង)៖ កម្លាំងចម្រុះដឹកនាំដោយកម្លាំងគយចល័តតំបន់៤ សហការជាមួយសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង និងកងកម្លាំងអាជ្ញាធរដែនដី ក្រុងបាត់ដំបង នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានដុតបំផ្លាញចោលសាច់សត្វខូចគុណភាពចំនួន ៥,០៣៦គីឡូ ក្រាម បន្ទាប់ពីចាប់បាននៅដីខ្មែរ ដែលឈ្មួញលួចដឹកចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សែ ហឿន អនុប្រធានការិយាល័យស្រាវជ្រាវ និងបង្រាបអំពើរត់ពន្ធតំបន់៤ បានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងបានរាយការណ៍មក និងការណែនាំ បញ្ជាផ្ទាល់ពីលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ផងនោះ លោកបានសហការជាមួយនគរបាលសេដ្ឋកិច្ច ដឹកនាំកម្លាំង ចុះបង្រាបភ្លាមៗ នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រួមកិច្ចសហការពីមន្ត្រីជំនាញ ក.ក.ប ដើម្បីពិនិត្យគុណភាពឃើញថា ពិតជាសាច់សត្វ ខូចគុណភាពមែន។
លោក សែ ហឿន បានបញ្ជាក់ថា វត្ថុតាងដែលចាប់បាននោះមាន៖ សាច់មាន់ និងឆ្អឹងមាន់ ៣,០៩៩គីឡូក្រាម, សាច់ប្រហិត ១,៦៧២គីឡូក្រាម និងសាច់គ្រឿងក្នុង មាន់ ២៦៥គីឡូក្រាម សរុបទាំងអស់ ៥,០៣៦គីឡូក្រាម រួចបញ្ជូនទៅរក្សាទុកនៅទីស្នាក់គយចល័តរងចាំបញ្ជារដិតកម្ទេចចោល។
លោកអនុប្រធានការិយាល័យគយចល័តបានបន្តថា ដោយមានឯកភាព និងការអនុញាតពីថ្នាក់លើរួចមកលោកបានសហការជាមួយកម្លាំងចម្រុះ មានអាជ្ញធរក្រុងបាត់ដំបងធ្វើពិធីដុតសាចសត្វខូចគុណភាពទាំងនេះនៅចំណុចទីលានចាក់សម្រាម នារសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១នេះតែម្តង។
លោក ហាក់ សុខរិន ប្រធានសាខា កកប ខេត្តបាត់ដំបងបានបញ្ជាក់ថា ក្នុងនាមកម្លាំងជំនាញរបស់លោក តែងតែចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅលើទីផ្សារ ជាប្រចាំ ផងដែរ ហើយតែងតែបានសហការជាមួយសមត្ថកិច្ចគ្រប់ពេល និងសូមអំពាវនាវដល់អ្នករកស៊ីលួចដឹកជញ្ជូន និងលក់ទំនិញខូចគុណភាពជាបន្ទាន់ ព្រោះវាធ្វើប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់គឺប្រជាពលរដ្ឋទាំងអស់គ្នា៕