(កណ្ដាល)៖ ជនរងគ្រោះម្នាក់ បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ខេត្តកណ្តាល ឲ្យទប់ស្កាត់សកម្មភាពសាងសង់សំណង់ខុសច្បាប់របស់បុរី «អ៊េមឺរ៉លដ៏ ស៊ីធី» មានទីតាំងនៅតាមបណ្តោយផ្លូវជាតិ លេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូម៉ែត្រលេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច។

យោងតាមពាក្យបណ្តឹងដែលធ្វើឡើងដោយលោក ជីប ចណ្ណារិទ្ធិ មេធាវីតំណាងជនរងគ្រោះជាម្ចាស់ដី បានបញ្ជាក់កាលពីដើមខែមិថុនា ឆ្នាំ២០២១ មានជនខិលខូចមួយក្រុម បានលួចធ្វើសកម្មភាពបុកគ្រឹះធ្វើសំណង់ផ្ទះ ល្វែងខុសច្បាប់ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ខណៈដែលជនរងគ្រោះកំពុងស្នាក់នៅប្រទេសចិនជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺកូវីដ-១៩។

ជនរងគ្រោះបានបន្ថែមថា សកម្មភាពលួចបុក គ្រឹះធ្វើសំណង់ផ្ទះល្វែងខុសច្បាប់ នៅលើដីកម្មសិទ្ធិរបស់ជនរងគ្រោះ គឺមានលោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ជាអ្នកដឹកនាំដោយបំពានច្បាប់។ជនរងគ្រោះ បានសំណូមពរឲ្យអាជ្ញាធរ មានសមត្ថិកិច្ច ចុះទប់ស្កាត់ និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។

សម្រាប់ភាគីម្ចាស់បុរី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ មិនអាចទាក់ទងសុំការបកស្រាយបានទេ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ ម្ដងរួចទៅហើយ៕