(កណ្ដាល)៖ តាចាស់អាយុ៧៤ឆ្នាំម្នាក់ បានធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រី អាយុ៦ឆ្នាំ រហូតបានសម្រេចនៅក្នុងព្រៃ ត្រូវម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគម្ពោតព្រៃខាងក្រោយផ្ទះជនរងគ្រោះ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះ ឆេង ផុន អាយុ៧៤ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ដាយបានបាត់កូនស្រី មិនឃើញនៅផ្ទះ ទើបដើររកកូននៅតាមផ្ទះអ្នកជិតខាងតែមិនឃើញសោះ។ រហូតដល់វេលាម៉ោង១២៖២០នាទី ទើបឃើញកូនដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះមក ពេលនោះក៏ឃើញជនសង្ស័យ បានដើរចេញមកតាមក្រោយដែរ។

បន្ទាប់មកម្ដាយបានឃើញកូនមានសភាពប្រឡាក់ពេញខ្លួន ក៏នាំកូនទៅងូតទឹក ពេលនោះកូនស្រីបាននិយាយប្រាប់ម្ដាយថា ខ្លួនឈឺត្រង់ប្រដាប់ភេទ ដោយមានការសង្ស័យម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យប្រដាប់ភេទរបស់កូន។ ភ្លាមនោះម្ដាយបាននាំកូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីពិនិត្យ។

ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហៅជនសង្ស័យ ដើម្បីសាកសួរនាំ និងចាត់ការតាមនីតិវិធី៕