(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំមន្ត្រីពាក់ព័ន្ធទទួលអំណោយសប្បុរសធម៌ ចំនួន២ស្ថាប័ន ខណៈរដ្ឋបាលខេត្ត បាននឹងកំពុងអនុវត្តសកម្មភាពយកចិត្តទុកដាក់ប្រយុទ្ធបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ពិធីទទួលអំណោយខាងលើនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ក្នុងពិធីនោះ លោក ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ក្រុមហ៊ុនទាំងពីរខាងលើ ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកំពត ក្នុងគោលដៅរួមគ្នាតែមួយ គឺការជួយផ្គត់ផ្គង់ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខមាលភាព និងសុខទុក្ខលំបាកខ្វះខាត របស់ប្រជាពលរដ្ឋជាចម្បង។
ដោយឡែកសម្រាប់ខេត្តកំពត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំឱ្យបន្តមានឆ្លងចូលក្នុងសហគមន៍នៃភូមិសាស្រ្តខេត្តកំពត ថែមទៀតផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ រូបលោកក្នុងនាមរដ្ឋបាលខេត្តកំពតនឹងចាត់ចែងឱ្យចំគោលដៅ ដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសយកទៅជួយដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋានក្នុងដំណាក់កាល រងផលប៉ះពាល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា។
អំណោយសប្បុរសជន ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកំពត រួមមាន៖
ទី១៖ លោកស្រី លឹម ម៉េងអ៉ី ក្រុមហ៊ុន YL Royal COLTD មានអង្ករចំនួន ៥០០គីឡូក្រាម, មី៥០កេស, ត្រីខ ៥០យួរ, ទឹកសុទ្ធ៥០កេស និងទឹកអាល់កុល៥កាន ស្មើនឹង១៥០លីត្រ។
ទី២៖ ធនាគារវឌ្ឍនៈចំកាត់(ABA) សាខាខេត្តកំពត ឧបត្ថម្ភម៉ាស់ចំនួន៣កេះធំ, ទឹកអាកុលចំនួន៣កាន ស្មើ៩០លីត្រ, ទឹកសុទ្ធ ២០កេស, មី១០កេស, ទឹកផ្លែឈើ១០កេស, ត្រីខកំប៉ុង ១០យួរ និងថវិកា ៥០ម៉ឺនរៀល៕