(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន និងស្ថាប័ននីតិប្រតិបត្តិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការស្នើច្បាប់ ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះមហាក្សត្រ បានផ្ញើព្រះរាជសារនេះអបអរដល់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ មានព្រះបន្ទូលបញ្ជាក់ថា «អង្គសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ដើម្បីឱ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ»។

ជាមួយនឹងឱកាសដ៏វិសេសវិសាលនេះ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម»

ព្រះករុណាជាអម្ចាស់ ទ្រង់បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកស្មុគស្មាញនាអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទាំងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ បានខិតខំយកកម្លំាងកាយចិត្តជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាក និងរាល់បញ្ហារបស់បងប្អូនរួមជាតិ ជាពិសេសសម្តេចបានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទំាងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាល និងការចាក់វ៉ាក់សំាងទៀតផង។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានថ្លែង «អង្គសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីឱ្យបានប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាត់ដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ»

ព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិ និងជំនួយវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»

ព្រះមហាក្សត្រ ទ្រង់ក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិ ដែលមានអង្គការសុខភាពពិភពលោក បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូរ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកន្លងមក និងបន្តផ្តល់ថែមទៀត ដល់ព្រះរាជាណាចក្រកម្ពុជា។

ជាបន្តទៅមុខទៀត «យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណានោះ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្លួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឱ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលប្រមាណជា ៣ខែមក។ នៅក្នុងសម័យប្រជុំព្រឹកនេះ មានរបៀបវារៈចំនួន៩ នៅក្នុងនោះមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាព ប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ដែលបានលាលែងផងដែរ។ វត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តេីមសម័យប្រជុំមានចំនួន៨២រូប៕