(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកស្រី Victoria Kwakwa អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីស្ថានភាពការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា, ផែនការយុទ្ធសាស្ត្រ នៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ និងលទ្ធភាព នៃការចូលរួមរបស់ធនាគារពិភពលោក ក្នុងការគាំទ្ររាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំ ជាមួយធនាគារពិភពលោក ក្នុងរយៈពេលជាងពីរទស្សវត្ស៍កន្លងមក ដែលជាក់ស្តែង ឆ្លុះបញ្ចាំងច្បាស់តាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង កាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ក្នុងគោលដៅ គ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» និងដាក់ គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាលបានបុរេសកម្មក្នុងការទទួល និងបញ្ជាទិញ វ៉ាក់សាំងដោយផ្ទាល់ពីអ្នកផលិតវ៉ាក់សាំង ដែលគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ទទួលបានវ៉ាក់សាំងសរុប ប្រមាណ៩លានដូស ហើយប្រសិនបើមិនមានការប្រែប្រួលទេ កម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំងដែលបានពីការបញ្ជាទិញ ចំនួន១១លានដូសបន្ថែមទៀត នៅត្រឹមខែសីហា ឆ្នាំ២០២១។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវិធានការណ៍គោលនយោបាយមុតស្រួច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់ចំនួន ៨ ជុំ សំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ វិធានការជុំទី ៩ ស្តីពីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏នឹងត្រូវដាក់ចេញបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
កញ្ចប់ចំណាយអន្តរាគមន៍ជាក់ស្តែង ទាំងនោះរួមមាន៖
១៖ ចំណាយលើការទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល
២៖ ចំណាយលើការបណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភកម្មករពេល ព្យួរកិច្ចសន្យាការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៣៖ គម្រោងសាច់ប្រាក់ពលកម្មចំនួន ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០២០ និង ១៦០ លានដុល្លារអាមេរិក នៅឆ្នាំ២០២១
៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារ ក្រ-១ ក្រ-២ និង ជនងាយរងគ្រោះ
៥៖ ចំណាយផ្នែកសន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀង និង ចំណាយផ្សេងៗ,
និង៦៖ ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចជួយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រនៃ ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ តាមរយៈអភិក្រមចំនួន ៣ រួមមាន៖
១៖ ការស្តារ (Recovery) ផ្តោត ទៅលើវិស័យសុខាភិបាល, ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន, គោលនយោបាយសារពើពន្ធ, វិស័យកសិកម្ម, វិស័យទេសចរណ៍, និងវិស័យកាត់ដេរ
២៖ ការកែទម្រង់ (Reform) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង,
និង៣៖ ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល, ការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ, ការស្តារសេដ្ឋកិច្ចឡើង វិញលក្ខណៈបៃតង, និងការពង្រឹង ប្រព័ន្ធគាំពារសង្គម។
លោកស្រី Victoria Kwakwa បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហា នៃវិបត្តិជំងឺកូវីដ-១៩ និងអបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់ធានាការចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន និងឆាប់រហ័ស។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដែលមានលក្ខណៈច្បាស់លាស់ ប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ។
លោកស្រី បានបញ្ជាក់អំពី ជំហរគាំទ្រយ៉ាងពេញទំហឹង របស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការ ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួលឯកសារក្របខ័ណ្ឌនៃភាព ជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឲ្យឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែក របស់ធនាគារពិភពលោកផងដែរ៕