(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនានេះ អនុសាសន៍ទាំង ៦ចំណុចនេះរួមមាន៖
* ទី១៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួននូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ នាពេលកន្លងទៅនេះ។
ជាមួយនេះ ត្រូវធ្វើការដាស់តឿន ក្រើនរំលឹក និងណែនាំមន្ត្រីប្រតិបត្តិរបស់ខ្លួន ឱ្យបានជាប្រចាំ ក្នុងការអនុវត្តការផ្លាស់ប្តូរ កែប្រែទម្លាប់ និងឥរិយាបថនៃការបំពេញភារកិច្ច ឱ្យស្របទៅតាមរបត់នៃការរស់នៅ «សកម្មភាពធម្មតាតាមបែបគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩»។
ដោយប្រកាន់យកនូវវិធានការ «៣ការពារ ៣កុំ» និងវិធានការសុខាភិបាលផ្សេងៗទៀត ដើម្បីចូលរួមបង្ការទប់ស្កាត់ និងឈានទៅដល់ការកាត់ផ្តាច់ខ្សែចម្លង នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមកន្លែងធ្វើការមកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។
* ទី២៖ គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ត្រូវបន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ រោងចក្រ សហគ្រាស ធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្នុងបរិបទជំងឺកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងណែនាំដល់គ្រឹះស្ថានអប់រំសិក្សាគ្រប់កម្រិត ឱ្យរកគ្រប់វិធីសាស្ត្រ ក្នុងការបន្តផ្សព្វផ្សាយអប់រំ ទាំងលើបញ្ហាគ្រឿងញៀន និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឱ្យបានជាប្រចាំដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេបានយល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការការពារខ្លួន និងបន្តផ្សព្វផ្សាយអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍។
* ទី៣៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយប្រកាន់ឱ្យបានខ្ជាប់ខ្លួន និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ដែលក្នុងនោះរួមមាន៖ ១កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែកកុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន, ទី២៖ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ និងទី៣៖ គឺកុំលើកលែង ដែលមានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។
ឯ ១រាយការណ៍ គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចពីបញ្ហាគ្រឿងញៀន ដែលយើងបានដឹង។ ជាមួយនេះត្រូវបន្តបំផុសឱ្យមាតាបិតា អាណាព្យាបាល យកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការអប់រំកូនចៅកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬអប់រំ ណែនាំ និងលើកទឹកចិត្តកូនចៅដែលពាក់ព័ន្ធ ឬញៀនគ្រឿងញៀនឱ្យបញ្ឈប់ និងទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទាឱ្យបានទាន់ពេលវេលា។
* ទី៤៖ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពនៃការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមមណ្ឌលបណ្តោះអាសន្ន ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន។
ជាមួយនេះក្នុងកាលៈទេសៈនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវគិតគូរឱ្យបានហ្មត់ចត់ និងរកវិធានការឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព នៃការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ១៩ នៅតាមគោលដៅផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
* ទី៥៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើនសមត្ថភាពមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ឱ្យបានសមស្របនឹងមានប្រសិទ្ធភាព ពិសេសដើម្បីបញ្ចៀសភាពចង្អៀតណែន ដែលអាចកើតមាននៅតាមមណ្ឌលបណ្តោះអាសន្ននានា។ ពង្រឹងវិធានការ «៣ការពារ ៣កុំ» និងវិធានការសុខាភិបាលផ្សេងៗទៀត នៅតាមមណ្ឌលបណ្តោះអាសន្នទាំងអស់ និងត្រូវសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។
* ទី៦៖ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកបន្ថែមឱ្យបានទូលំទូលាយ នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងជាសកល ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕