(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនអាចឱ្យកម្ពុជាធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដោយផ្ទាល់ នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្មភាពដ៏មានសារៈសំខាន់នេះឡើយ។ នេះសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
សារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិក្រោមប្រធានបទ «គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍» ក្នុងរូបភាពជាយុទ្ធនាការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់យកបានក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។
សម្តេចតេជោ បានថ្លែងថា៖ «ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មកលើខ្លួនឯង មកលើក្រុមគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ ជាពិសេសធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺកូវីដ១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ក្នុងពេលកន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់សារធាតុញៀនថ្មី ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាននឹងកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាចនៅក្នុង និងក្រៅតំបន់ពិសេសវិបត្តិ ដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ បានគំរាមកំហែង និងបង្កនូវផលលំបាកយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ជាក់ស្តែង យើងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ និងលើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរហូតទទួល បានលទ្ធផលគួរជាទីមោទនៈ។ ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនអាចឱ្យយើងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដោយផ្ទាល់នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្មភាពដ៏មានសារៈសំខាន់នេះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្ទុយទៅវិញ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ក៏ដូចជាវិស័យសាសនា វិស័យឯកជន អង្គការ សមាគមជាតិ អន្តរជាតិជាដៃគូ និងបងប្អូន ជនរួមជាតិមួយចំនួនធំ នៅតែបន្តខិតខំប្រឹងប្រែង ដោយបានប្រើប្រាស់វិធីសាស្ត្រថ្មីៗ ធ្វើការអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលជាប្រយោជន៍ ដល់ការលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយរួមទាំងបញ្ហាសង្គមផ្សេងៗ និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ៕