(ព្រះសីហនុ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ, កម្លាំងនគរបាលក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បាននាំខ្លួនមនុស្សចំនួន០៦នាក់ ពាក់ព័ន្ធនឹងសកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកសួរនាំ និងចាត់ការតាមនីតិវិធី។
សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃឡើយ។
ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។
ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ៕