(ភ្នំពេញ)៖ បន្ទាប់ពីថ្មីៗនេះ មានហេតុការណ៍ពុលស្រា បានកើតឡើងជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រាស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។
ទទួលបានការណែនាំនេះលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវយុទ្ធនាការឱ្យមន្រ្តីនៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប។
ជាក់ស្តែងក្នុងខែមិថុនានេះ មន្រ្តីសាខា ក.ប.ប នៅតាមបណ្តារាជធានីខេត្តចំនួន១៧ បានចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគ នៅមន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន ក.ប.ប បានចំនួន១៧៨គំរូ។ យោងលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍ បានបង្ហាញថា សំណាកគំរូស្រាទាំង១៧៨គំរូ ពុំមានវត្តមានសារធាតុ មេតាណុល ដែលជាសារធាតុបង្កគ្រោះឡើយ។
អគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តក្នុងតួនាទីជាអ្នកការពារអ្នកប្រើប្រាស់ និងសុខុមាលភាព ប្រជាពលរដ្ឋ នឹងបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រា ស និងស្រាថ្នាំ ឱ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាល មកវិភាគ រកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណី ពុលស្រា ជាយថាហេតុណាមួយ ដែលអាចកើតមានឡើង នាពេលខាងមុខទៀត៕