(បន្ទាយមានជ័យ)៖ កម្លាំងទាហានថៃសហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ បានចាប់ឃុំខ្លួនមេខ្យល់ជនជាតិថៃ៣នាក់ និងពលករខ្មែរចំនួន២១នាក់ ជាបន្តបន្ទាប់នៅក្នុងទឹកដីភូមិកែវ ផេចផ្លយ និងភូមិណងផៃ កាលពីវេលាម៉ោង៤៖៤៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ។
តាមសេចក្ដីរាយការណ៍ពីកម្លាំងជួរមុខបានប្រាប់ថា ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃនោះ មានប្រុស១២នាក់និងស្រី៩នាក់ ចេញពីប្រទេសកម្ពុជាចូលទៅទឹកដីថៃ ព្រមទាំងមានមេខ្យល់ជនជាតិថៃម្នាក់ និងអ្នកមើលផ្លូវជនជាតិថៃ២នាក់ ដែលមេខ្យល់ទាំង៣នាក់នេះ ជាអ្នករស់នៅក្នុងស្រុកតា ព្រះយ៉ា។ ដោយឡែកពលករខ្មែរទាំងអស់ ចង់ទៅស៉ីឈ្នួលនៅក្នុងប្រទេសថៃ។
ប្រភពខាងលើបញ្ជាក់ថា ក្រោយការចាប់ឃុំខ្លួន សមត្ថកិច្ចបាននាំខ្លួនអ្នកទាំងអស់ទៅសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល។ ក្រោយពីសាកសួរ និងធ្វើកំណត់ហេតុរួចរាល់ ពលករទាំងអស់ត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចត្តាទ្បីស័ករ១៤ថ្ងៃ៕