(បាត់ដំបង)៖ ខេត្តបាត់ដំបងចាប់ផ្តើមស្ថាបនាទីលានកប់សំរាមតាមច្ចេកទេសទំនើប ដែលមានដី២១ហិកតា ដែលមានសមត្ថភាពញែកសំរាមទៅជាជីកំប៉ុស្តិ និងមិនបង្កការប៉ះពាល់ដល់បរិស្ថានទៀតផង។ ទីតាំងកប់សំរាមនេះ ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានអង្គភាពអនុវត្តគម្រោង PIU បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះ ឲ្យដឹងថា គម្រោងសាងសង់ទីលានកប់សំរាមខាងលើគឺជាសមិទ្ធិផលថ្មីមួយទៀត តាមរយ:ការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ដែលជា គម្រោងហិរញ្ញទានរបស់ធនាគារអភិវឌ្ឍន៍អាស៉ី ADB បើតាមកិច្ចសន្យាអនុវត្តការស្ថាបនាមានរយ:ពេលចំនួន ៥១០
ថ្ងៃ(១៧ខែ) គិតចាប់តាំងពីខែមេសា ឆ្នាំ ២០២១កន្លងមកនេះ។
ទីលានកប់សំរាមតាមលក្ខណៈបច្ចេកទេសថ្មីនេះ ខុសពីបណ្តាទីលានចាក់សំរាមផ្សេងៗទៀត ដោយបាតនៃរណ្តៅដីនីមួយៗ មុននឹងចាក់សំរាមចូលត្រូវអ្នកបច្ចេកទេសកិនបង្ហាប់ប្រភេទដីឥដ្ឋឲ្យណែន រួចក្រាលទ្រនាប់កៅស៊ូមុននឹងចាក់សំរាម។ ក្រោយការចាក់សំរាមចូលហើយ អ្នកជំនាញចាប់ផ្តើមកិនឲ្យហាប់ណែន និងចាក់ដីឥដ្ឋកិនបន្ត រួចក្រាលទ្រនាប់កៅស៊ូទៀត ចំណែកឯទឹកកខ្វក់សំរាម ត្រូវបានគេបង្ហូរចូលអាងចម្រោះបំប្លែងឲ្យក្លាយជាទឹកស្អាត បន្តអនុវត្តដដែលៗដូចគ្នាដើម្បទប់ស្កាត់ការជ្រាបទឹក នាំឲ្យប៉ះពាល់ដល់ផ្នែកខាក្រោមដី នៅលើដី ឬបំពុលនៅក្នុងខ្យល់។
លោកស្រីបានបញ្ជាក់ថា រាល់កាកសំណល់សំរាមដែលដឹកជញ្ជូនចូលទីលានត្រូវថ្លឹង រួចហើយញែកសំរាមប្រភេទដែលអាចយកទៅធ្វើជាអេតចាយ និងសំរាមជាសំណល់សរីរាង្គបែងចែកធ្វើជាជីកំប៉ុស។ គម្រោងទីលានកប់សំរាមលើផ្ទៃដីចំនួន ២១ហិកតាខាងលើនេះ ក៏មានបំពាក់ប្រព័ន្ធលូព័ទ្ធជុំវិញ សម្រាប់ប្រែក្លាយទឹកកខ្វក់ដែលចេញពីសំរាមក្រោយពីកិនឱ្យក្លាយទៅជាទឹកស្អាត ត្រៀមទុកសម្រាប់បាញ់ពន្លត់សំរាម នៅពេលដែលឆេះដែលបានដោយចៃដន្យដោយប្រការណាមួយដែលកើតឡើង។ ទីតាំងគម្រោងនេះដែរ ក៏អាវនឹងកែច្នៃឲ្យទៅជាសួនផ្កា ឬជាទីថ្នាលដាំពូជដំណាំនានាទៀតផង។
លោកស្រីបានបន្តថា គម្រោងទីលានកប់សំរាមតាមបច្ចេកទេសថ្មី និងធំមិនធ្លាប់មាននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ បច្ចុប្បន្នដំណើរការសាងសង់ បានប្រមាណជា៧ភាគរយ ហើយនៅលើផ្ទៃដីចំនួន ២១ហិកតានៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ មានចំងាយប្រមាណជា ២៥ គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។
លោកបានបន្តទៀតថា ពេលស្ថាបនារួច ទីលានកប់សំរាមនេះ អាចស្រូបយកសំរាមពីកន្លែងចាស់ និងដឹកពីស្រុកនានាតាមទីជិតឆ្ងាយជាក់ស្តែងបានមួយចំនួនបន្ថែមផងដែរ៕