(បន្ទាយមានជ័យ)៖ សមត្ថកិច្ចស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនមេខ្យល់ចំនួន ២នាក់ទៅតុលាការ ខណៈពលករចំនួន ៩នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល។
បើយោងតាមលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងរបស់លោកបានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងទទួលទិសស្រុកម៉ាឡៃ បានធ្វើការចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការនាំពលរដ្ឋចេញចូលទៅប្រទេសថៃ ដោយខុសច្បាប់ ហើយប្រទះឃើញប្រជាពលរដ្ឋចំនួន១១នាក់ ក្នុងនោះមានមេខ្យល់ចំនួន ២នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រករបៀងមួយកន្លែងស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួន និងដកហូតបានម៉ូតូចំនួន០៣គ្រឿង បន្ទាប់មកក៏បានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសួរនាំរួចទើបដឹងថា ក្នុងចំនួន១១នាក់ មានមេខ្យល់ចំនួន០២នាក់៖
ទី១៖ ឈ្មោះនឿន សីហា ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ទី២៖ ឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយមេខ្យល់ទាំង០២នាក់នេះបានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន០៣នាក់ ហើយម្នាក់ទៀតឈ្មោះ ឡឹក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ពេលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឡឹក បានរត់គេចខ្លួនបាត់ ហើយពួកគេពិតជាបាននាំពលករទាំង០៩នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន។
លោកបានបញ្ជាក់ថា ចំណែកពលករទាំង ៩នាក់ ក្រោយពីសមត្ថកិច្ចសួរនាំរួចត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កស្រុកម៉ាឡៃ ចំពោះជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ផងដែរថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕