(ភ្នំពេញ)៖ ដោយសារចាប់ពីថ្ងៃទី១២-២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ រដ្ឋបាលខេត្តកំពង់ធំនឹងចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្រុង-ស្រុកចំនួន៤ នៃខេត្តកំពង់ធំ ទើបលោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានណែនាំដល់ក្រុមការងារនៅក្នុងស្រុកទាំងពីរនេះ ត្រូវត្រៀមកិច្ចសហការជាមួយគ្រូពេទ្យ និងជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យបានដិតដល់ ដើម្បីឱ្យការអនុវត្តការងារនេះប្រព្រឹត្តទៅ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកបក្សប្រចាំស្រុកបារាយណ៍ និងស្រុកតាំងគោក តាមរយៈប្រព័ន្ធអនឡាញ (Online) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ហាក់ ម៉ុងហួត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក បានថ្លែងថា ការងារចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំនេះ ធ្វើឡើងជាជំហានដំបូងនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោកសិន ក្នុងនោះនឹងចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅទាំងអស់។ លោកបានបន្តថា យុទ្ធនាការនេះមានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ១២-២៥ ខែកក្កដា ឆ្នាំ២០២១។

លោក ថោង ខុន បានណែនាំឱ្យក្រុមការងារនៅគ្រប់ឃុំជួយ ត្រូវជួយសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាជួយសម្រួលជូនប្រជាពលរដ្ឋដែលមានការលំបាកក្នុងការធ្វើដំណើរទៅចាក់វ៉ាក់សាំង ពិសេសត្រូវចុះទៅជួយឱ្យដល់ទីតាំងចាក់វ៉ាក់សាំងផ្ទាល់តែម្ដង ក្នុងនោះការរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស ជាការសំខាន់ណាស់៕