(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខនិយាយរឿងអាជ្ញាកណ្តាលកីឡាប្រដាល់ក្បាច់គុនខ្មែរ ដែលមិនហ៊ានកាត់សេចក្តីលើកីឡាករដែលវាយខុសលក្ខន្តិកៈ។

ការចេញមកនិយាយរឿងអាជ្ញាកណ្តាលប្រដាល់ក្បាច់គុនខ្មែររបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលអាជ្ញាកណ្តាល ក៏ដូចជាគណៈកម្មការការប្រកួត ដែលមិនបានសម្រេចការឈ្នះ និងចាញ់ ចំពោះការប្រកួតផ្តាច់ព្រ័ត្ររវាងកីឡាករប្រដាល់ ឃឹម បូរ៉ា និង ម៉ឺន មេឃា ដែលបានធ្វើខុសលក្ខន្តិកៈ។

សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកថា «ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ»

សម្តេចតេជោបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១មួយ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង» នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា។

ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។

ការប្រកួតនេះ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៥ពាន់ដុល្លារ៕