(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨៧នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី និងប្រកាសដោយក្រសួងសុខាភិបាល កាលពីព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែកក្កដានេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីករណីជាសះស្បើយអ្នកជំងឺចំនួន១៥០នាក់ និងស្លាប់២នាក់ផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៣,៤៣៦នាក់, ជាសះស្បើយ ចំនួន២៣២៦,នាក់, កំពុងសម្រាកព្យាបាល ចំនួន១,០៦៣នាក់ និងស្លាប់ចំនួន៤៥នាក់៕