(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចេញដំណើរទៅកាន់ខេត្តឧត្តមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបំពេញបេសកកម្ម ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តមានជ័យ។
យោងលិខិតឧទ្ទេសនាមរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២២០នាក់ ត្រូវបានបែងចែកទៅតាមក្រុង និងស្រុកចំនួនបីនៃខេត្តឧត្តមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយប្រើប្រាស់ពេលវេលា១៤ថ្ងៃ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ និង១៤ថ្ងៃទៀត សម្រាប់ដូសទី០២ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានោះ ក្រុមអ្នកសម្របសម្រួល១៨នាក់ និងជំនួយការ៥៣នាក់ផ្សេងទៀត ក៏ត្រូវបានចាត់តាំងឲ្យទៅបំពេញបេសកកម្មជាមួយគ្នាដែរ ដើម្បីធានាបានថា យុទ្ធនាការចាក់វ៉ាក់សាំងបានទទួលជោគជ័យដោយរលូន។ នេះបើតាមការបញ្ជាក់របស់ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី ដែលបានអញ្ជើញទៅជូនដំណើរ លោកគ្រូ អ្នកគ្រូពេទ្យនាព្រឹកនោះ។
គួរបញ្ជាក់ដែរថា ដំណើរបេសកកម្មថ្មីនេះ ត្រូវបានអនុវត្តបន្ទាប់ពីក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕