(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណីទៀត លើអ្នកដំណើរចូលកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៧ និង១៤ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន៣៧នាក់ (ស្រី២២នាក់) ដែលក្នុងនោះជាអ្នកដំណើរវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា ចំនួន៣៤នាក់ និងអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ (ស្រ្តី ៤០នាក់) ដែលជាករណីនាំចូល។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា៖
* រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ។
សូមបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ដូច សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ (រួមទាំងជាពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន និងម៉ត់ចត់ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់ គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
ជាបន្ថែមសូមកុំទៅកាន់ទីតាំង ៣ «ជ» (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំង
ដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ លើ៣ការពារ ៣កុំ និងកុំទៅកាន់ ទីតាំង ៣ «ជ» ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ៕