(ភ្នំពេញ)៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត បាននិងកំពុងដំណើរការជាធម្មតា ហើយគម្រោងបញ្ចប់ការសាងសង នៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចបានការសាងសង់ ជាង៧០ភាគរយហើយ។
នេះបើតាមការឲ្យដឹងពីលោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ម៉ក់ ស៊ីដេត បានថ្លែងថា «ម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត កំពុងដំណើរការសាងសង់ជាធម្មតា ប៉ុន្ដែមានភាពយឺតយ៉ាវ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩។ និយាយចំពោះបច្ចុប្បន្ននេះ គម្រោងនៃការសាងសង់សម្រេចបានជាង៧០%ហើយ និងគ្រោងបញ្ចប់ការសាងសង់ នៅចុង២០២១នេះ»។
លោកបញ្ជាក់ទៀតថា ទោះបីជាជំងឺកូវីដ១៩ នៅបន្ដអូសបន្លាយក្ដី សម្រាប់គម្រោងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត នឹងត្រូវបញ្ចប់ការសាងសង់ឲ្យរួចរាល់ នៅចុងឆ្នាំ២០២១នេះ។
លោក ម៉ក់ ស៊ីដេត បន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់កំពង់ផែនេះ នឹងដាក់ឲ្យដំណើរការ សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងអនុតំបន់ និងតំបន់។
សូមជម្រាបថា គម្រោងសាងសង់កំពង់ផែ ទេសចរណ៍ខេត្តកំពតនេះផ្តោតសំខាន់ លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។
កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដីទំហំ៤ហិកតា ស្ថិតក្នុងស្រុកទឹកឈូ ចម្ងាយ៦គីឡូម៉ែត្រពីក្រុងកំពត។ កំពង់ផែនេះមានជម្រៅទឹក៤.៥ម៉ែត្រ និងមានតម្លៃ៨លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕