(កំពង់ឆ្នាំង)៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាប់ឆេះខូចខាតអស់ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង ដោយសារការទុស្សេខ្សែភ្លើង។ គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៍។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ៩ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើដំបូល ស័ង្កសីរបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ដែលបណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី។
គ្រោះអគ្គិភ័យនេះបានបង្ករការខូចខាត ឆេះប្រាក់ដុល្លារចំនួន ១,៥០០ដុល្លារ ប្រាក់រៀលចំនួន ៣លានរៀល ស្រូវចំនួន១តោន អង្ករ២០០គីឡូក្រាម និងសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។ ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់មួយរថយន្តផងដែរ ទើបទប់ស្កាត់ការឆេះរាលដាលទៅផ្ទះអ្នកជិតខាង។
ដោយឡែក ក្នុងការជួយសង្គ្រោះរបស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការរដ្ឋាននគរបាលស្រុកបរិបូណ៌នេះ ក៏ត្រូវរងការរិះគន់ពីប្រជាពលរដ្ឋផងដែរ គឺកាំភ្លើងបាញ់ទឹកនៅលើរថយន្ត មានការរអាក់រអួលបាញ់ទឹកមិនចេញ ទើបការសង្គ្រោះផ្ទះដែលកំពុងតែឆេះនោះមានការយឺតយ៉ាវ តែនេះគឺជារឿងអចេតនា ដែលមន្ត្រីនគរបាលត្រូវចាត់ទុកជាបទពិសោធន៍ការងារពន្លត់អគ្គិភ័យនេះផងដែរ។
សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ចរន្តអគ្គិសនីគួរតែមានដាក់ត្រង់ស៊ីស្ទ័រ ដើម្បីការពារ និងផ្តាច់ការឆ្លងចរន្ត ពេលមានការទុស្សេ ដើម្បីកុំឲ្យមានគ្រោះអគ្គិភ័យ ដែលនាំឱ្យបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ៕