(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ លោក សម រង្ស៉ី បានប្រកាសក្ដែងៗតាមទំព័រហ្វេសប៊ុកនូវមហិច្ឆតាស្រមើស្រមៃរបស់ខ្លួន ដែលចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយប្រៀបប្រដូចទៅនឹងប្រទេសភូមា។ តើមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចប្រៀបប្រដូចទៅនឹងប្រទេសភូមាបានដែរ ឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងចាត់ទុកថាចំពោះមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយចង់ប្រៀបប្រដូចទៅនឹងប្រទេសភូមានោះ គឺជារឿងគួរឱ្យអៀនខ្មាស់បរទេសជាទីបំផុត ពីព្រោះលោក សម រង្ស៊ី ចូលចិត្ដយកខ្លួនទៅប្រៀបប្រដូចនឹងជាតិសាសន៍ដទៃ។

ម្យ៉ាងទៀតប្រទេសមួយ មិនអាចមានរដ្ឋាភិបាលពីរបានទេ។ ប្រសិនបើប្រទេសមួយមានរដ្ឋាភិបាលពីរ វាមានន័យថាមានអបគមន៍ ឬជាការហែកប្រទេសជាពីរ គឺជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ក្នុងន័យនេះ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងជាប់ឆ្នោតនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើក្រុមបំបែករដ្ឋ ឬក្រុមអបគមន៍ទាំងនេះ។

លោក រ័ត្ន សណ្ដាប់ បានបន្ដថា ឥឡូវឧបមាថាប្រៀបប្រដូចទៅចុះក៏វាពុំដូចគ្នាដែរ ពីព្រោះប្រទេសភូមា បក្សប្រឆាំងដែលដឹកនំាដោយលោកស្រី អ៊ួង សាងស៊ូជី តែងឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាលរហូតមានព្រឹត្ដិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ តែផ្ទុយទៅវិញចំពោះបក្សប្រឆាំងរបស់លោក សម រង្ស៊ី គឺពុំដែលបានឈ្នះឆ្នោតម្ដងណាទ្បើយ។ ដោយហេតុនេះបើលោក សម រង្ស៊ី ចង់ប្រៀបប្រដូចនោះ គឺត្រូវរងចំាឱកាសណាបានឈ្នះឆ្នោតដឹកនំារាជរដ្ឋាភិបាលសិន បន្ទាប់មកមានរដ្ឋប្រហារដូចនៅភូមាអញ្ចឹងដែរ ទើបចាំយកមកប្រៀបប្រដូច។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះ ចំពោះមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនាពេលនេះហើយបើចង់ប្រៀបប្រដូចនោះ គឺអាចប្រៀបប្រដូចបានទៅនឹងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដខ្មែរ នាទសវត្សរិ៍ឆ្នាំ១៩៧០ ឬព្រឹត្ដិការណ៍ដែលបានកើតឡើងកន្លងមកនេះ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល គឺទើបជាការអាចប្រៀបប្រដូចបាន។

ពីព្រោះចំពោះមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនាពេលនេះ គឺមិនខុសពីមហិច្ឆតាស្រមើស្រមៃក្នុងការបង្កើតរដ្ឋាភិបាលនិរទេស របស់រណសិរ្សរំដោះជាតិខ្មែរដឹកនាំដោយលោក សម សិរី ដែលបានបង្កើតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងប្រទេសថៃ និងមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក គឺក្នុងមហិច្ឆតាស្រមើស្រមៃបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីទាត់ចោលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នោះទេ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើដូចនេះចំពោះព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានឯករាជ្យអធិបតេយ្យ ហើយប្រសិនបើមានក្រុមខុសច្បាប់ដទៃណាធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ គឺរាជរដ្ឋាភិបាលមានសិទ្ធិពេញលេញក្នុងការប្តឹងតវ៉ាចំពោះប្រទេសទាំងនោះ ដែលបានផ្តល់ជម្រកដល់ក្រុមខុសច្បាប់ ដើម្បីការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ពីព្រោះមនុស្សគ្រប់រូបត្រូវការណាស់សន្តិភាព៕