(ភ្នំពេញ)៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១នេះ អាជ្ញាធរគ្រប់ខណ្ឌ បានចុះអប់រំផ្សព្វផ្សាយសេចក្តីសម្រេច និងបម្រាមគោចរពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺនេះយ៉ាងសកម្ម តែមិនមានការឃាត់ ឬផាកពិន័យឡើយ ពោលគឺគ្រាន់តែអប់រំណែនាំណែនាំប៉ុណ្ណោះ។

អនុវត្តតាមបទបញ្ជានេះ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ ក៏មិនខុសពីខណ្ឌដទៃដែរ នៅរាត្រីថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា ប្រធានបញ្ជាការឯកភាពខណ្ឌ បានចាត់ចែងកម្លាំងជាពីរក្រុម ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួន ឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដានេះ រហូតទៅដែលមានរយៈពេល១៤ថ្ងៃ។

ខ្លឹមសារចុះទៅអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ឲ្យបានជ្រាបកាន់តែច្បាស់ អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ៕