(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ជាលទ្ធផល នៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលឡើងវិញ មិនបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ដែលបានបញ្ជាក់ក្នុងតារាងបូកសរុបលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត (ទ.១១១០ស) កំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត (ទ.១១១១ស) និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត (ទ.១១១៤ស) ឡើយ។

គ.ជ.ប បានរៀបចំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប។

ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនេះ មានការចូលរួមពី អ្នកសារព័ត៌មាន ចំនួន ៤អង្គភាព និងតំណាងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត រួមមាន៖

*គណបក្សប្រជាជនកម្ពុជា
*គណបក្សសញ្ជាតិកម្ពុជា
*គណបក្សយុវជនកម្ពុជា
*គណបក្សហ៊្វុនស៊ិនប៉ិច។

គ.ជ.ប មានយន្តការត្រួតពិនិត្យជាច្រើនដំណាក់កាល មុននឹងចេញផ្សាយលទ្ធផលនៃការបោះឆ្នោតផ្លូវការ ដើម្បីចៀសវាងការភាន់ច្រឡំ នាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតពីសំណាក់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងអ្នកបោះឆ្នោត។

យោងតាមប្រតិទិននៃការបោះឆ្នោត ប្រសិនបើគ្មានបណ្តឹងទាក់ទងនឹងលទ្ធផលបណ្តោះអាសន្ននោះទេ គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតចំនួន១៧ លើ១៧ សម្រាប់ការបោះជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈគណបក្សនយោបាយ ចំនួន៣ទៀត មិនទទួលបានសម្លេងនោះឡើយ

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕