(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូល ក៏ដូចជានៅតំបន់អាស៉ីអាគ្នេយ៍ កំពុងរងការវាយលុករាតត្បាតកាន់តែខ្លាំងពីមេរោគកូវីដ-១៩បំប្លែងថ្មី Delta ដែលធ្វើឱ្យមានករណីឆ្លងថ្មី និងស្លាប់រៀងរាល់ថ្ងៃ ដោយសារតែភាពកាចសាហាវរបស់ទម្រង់ Delta នេះ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយពិធីនេះបានធ្វើឡើងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ពិតជាកាចសាហាវជាងគេ ដែលបាននិងកំពុងតែវាយលុកពិភពលោកទាំងមូល រាប់ទាំងសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ក៏សុទ្ធតែមានករណីឆ្លងថ្មី និងស្លាប់កើនឡើងវិញ ពោលគឺគ្មានប្រទេសណាមួយអាចរួចផុតពីការវាយលុកដោយមេរោគកូវីដទម្រង់ថ្មីនេះឡើយ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «គ្រប់ប្រទេសទាំងអស់នៅអាស៉ីអាគ្នេយ៍ លើកលែងតែព្រុយណេមួយទេ ដែលមានការឆ្លងទាប ក្រៅពីនោះគឺសុទ្ធតែមានតួលេខ កើនឡើងខ្ពស់ សូម្បីតែឡាវក៏កើនឡើងជាង ៣៨០ នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសិង្ហបុរី ដែលជាប្រទេសមួយគ្រប់គ្រងដោយហ្មត់ចត់ ក៏បានកើនឡើងក្នុងចំនួនបីខ្ទង់ដែរ ហើយធ្ងន់ជាងគេគឺវាយប្រហារទៅលើឥណ្ឌូណេស៉ី ម៉ាឡេស៉ី មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ វៀតណាមគ្រាន់តែ ១២ ម៉ោង ឆ្លងជាង ៤,០០០ នាក់បាត់ទៅហើយ ខណៈម្សិលមិញឆ្លងទៅដល់ជាង ៨,០០០ នាក់ និងស្លាប់ជាង ១០០ នាក់ ដូច្នេះអាស៉ីអាគ្នេយ៍ទាំងមូលបាននិងកំពុងរងការវាយលុកពីមេរោគបំប្លែងថ្មី Delta យ៉ាងខ្លាំង»

គូរបញ្ជាក់ដែរថា គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,២០៦,២៧៩ នាក់ និងមានអ្នកស្លាប់ចំនួន ១៤៥,០៩៥ នាក់ផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោក៏បានចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសពទាំងឡាយ ដែលស្លាប់់ដោយសារជំងឺកូវីដ-១៩ នេះផងដែរ។

ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រទេសទាំងឡាយសហការគ្នាទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩នេះ ពោលគឺកុំមានការប្រទូសរ៉ាយដាក់គ្នា ឬទម្លាក់កំហុសឱ្យគ្នា ព្រោះក្នុងដំណាក់កាលនេះ គ្មានអ្វីល្អជាងការរួមគ្នាកម្ចាត់មេរោគចង្រៃនេះនោះឡើយ។

សូមជម្រាបថា មេរោគកូវីដ-១៩ បានបំប្លែងខ្លួនថ្មីចំនួន ៥ ទម្រង់រួចមកហើយ រួមមាន ទម្រង់អាល់ហ្វា (Alpha = α) បែលតា (Beta = β) ហ្កាមម៉ា (Gamma = γ) និងទម្រង់ដែលតា (Delta = Δ) ហើយក៏បានបំប្លែងខ្លួនទៅរកទម្រង់ថ្មីមួយទៀត គឺទម្រង់ឡាំបដា (Lambda = λ)។ ប៉ុន្តែគ្រាន់តែតំបន់អាស៉ីអាគ្នេយ៍ និងតំបន់មួយចំនួនទៀតមិនទាន់រកឃើញទម្រង់ Lambda នៅឡើយ។

ខណៈពិភពលោកកំពុងបារម្ភពីមេរោគកូវីដបំប្លែងថ្មី Delta នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មេរោគកូវីដបំប្លែងថ្មី Lambda ត្រូវបានរកឃើញនោតំបន់អាមេរិកខាងត្បូង ក្នុងនោះគេបានរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ បន្ទាប់មកគេបានរកឃើញនៅប្រទេសអាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី និងអេក្វាទ័រជាដើម៕