(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មិនមែនជាការចៃដន្យទេ ប៉ុន្តែជាការគិតគូរច្បាស់លាស់ និងម៉ត់ចត់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ការចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារនៅថ្ងៃទី០១ ខែសីហានេះ ជាជំហានដ៏សំខាន់ ក្នុងការបង្កើតភាពស៊ាំ នៅក្នុងសហគមន៍កម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៃយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះយើងបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ ដែលបញ្ហានេះមិនមែនជាការចៃដន្យទេ គឺយើងបានគិតគូរយ៉ាងច្បាស់លាស់ ម៉ត់ចត់ ទម្រាំយើងបើកយុទ្ធនាការនៅថ្ងៃនេះ ស្របពេលជាមួយយុទ្ធនាការ ដែលយើងកំពុងបន្តធ្វើលើមនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើង។ ការចាក់វ៉ាក់សាំងដល់កុមារថ្ងៃនេះ គឺជាជំហ៊ានដ៏សំខាន់ ដើម្បីឲ្យមានភាពសុំានៅក្នុងសហគមន៍ ដែលយើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី តែបើកុមារខូចខាតសុខភាព ចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងពេលដែលកើតមាននូវបញ្ហា នៃការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ លើវិស័យអប់រំធនធានមនុស្ស ដែលបញ្ហានេះបានកើតមានស្ទើរទូទាំងប្រទេស នៅក្នុងពិភពលោក ដោយមានការបិទនូវសាលារៀន។ យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ គឺជាការគិតគូរដល់ការបើកសាលារៀនឡើងវិញ ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងឱ្យកុមារអាយុក្រោម១២ឆ្នាំសម្តេចបញ្ជាក់ថា កម្ពុជាត្រូវរង់ចាំមើលអង្គការសុខភាពពិភពលោក (WHO) និងសកម្មភាពប្រទេសដទៃជាមុនសិន ប៉ុន្តែជាបំណងសម្តេចចង់ឱ្យចាក់ចន្លោះអាយុពី១០ ទៅ១១ឆ្នាំ ដើម្បីឱ្យបានគម្រប់១៣លាននាក់នៃចំនួនប្រជាជន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ៧,៣០៤,៧៥៦នាក់ ស្មើនឹងចំនួន៧៣.០៥% នៃគោលដៅ១០លាននាក់៕