(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនទៀត ដែលជាប់បម្រាមតុលាការ ដោយសម្តេចបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការបដិសេធមិនស្នើសុំសិទ្ធិធ្វើនយោបាយជូនដល់ អតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ២រូប នោះគឺ លោក ជួង ជូងី និង លោក ញ៉ឹម គឹមញ៉ុល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលមុននៅពេលមានសំណើដាក់មកភ្លាមស៊ីញ៉េ ប៉ុន្តែឥឡូវអត់ទេ ចាប់ពីពេលនេះទៅ ត្រូវពិនិត្យសិន បើមិនអញ្ចឹងទេ ត្រូវចាំដល់ខែ១១ ឆ្នាំ២០២២ អាហ្នឹងរួចផុតពីផ្លូវច្បាប់ហើយ ចង់ធ្វើអីធ្វើទៅ»

លោក ជួង ជូងី និង លោក ញ៉ឹម គឹមញ៉ុល ដែលត្រូវតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ជាមួយនឹងអតីតថ្នាក់ដឹកនាំអតីត CNRP ១១៨នាក់ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទះកាលពីខែមិថុនា ឆ្នាំ២០២១ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើយវិញ។

តាមវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបានទទួលនីតិសម្បទាក្នុងការធ្វើនយោបាយឡើងវិញ អ្នកនយោបាយដែលជាប់ម្រាមតុលាការ ត្រូវដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ត្រូវដាក់សំណើទៅកាន់នាយករដ្ឋមន្រ្តី ដើម្បីទូលថ្វាយព្រះមហាក្សត្រ ក្នុងការចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងនាមនាយករដ្ឋមន្រ្តី សម្តេចមានសិទ្ធិក្នុងការស្នើសុំ និងមិនស្នើសុំទៅកាន់ព្រះមហាក្សត្រ ចំពោះសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ សម្តេចថ្លែងថា «បើគាត់មិនបានប្រព្រឹត្តខុសទេយើងត្រូវផ្ដល់ឲ្យគាត់ ប៉ុន្តែខ្ញុំក៏មិនផ្អែកតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃទាំងស្រុងដែរ ទោះបីជារដ្ឋមន្រ្តីមហាផ្ទៃថា អ្នកហ្នឹងមិនដែលប្រព្រឹត្តខុស ប៉ុន្តែយើងព្យាករណ៍ដឹងថា អ្នកហ្នឹងមុខជាមកដើម្បីបំផ្លាញហើយ មិនឲ្យសិទ្ធិអ្នកឯងទេ»

សម្ដេចតេជោ ហ៊ុន សែន បានរិះគន់ទៅកាន់អ្នកនយោបាយដែលជាប់បំរាមទាំងនោះ ចំពោះការដាក់ពាក្យស្នើសុំថ្មីៗថា រាជរដ្ឋាភិបាលបានបើកយូរហើយម្ ដេចក៏អ្នកទាំងនោះមិនដាក់ពាក្យស្នើសុំទើបមកស្នើសុំនៅពេលនេះ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម និងទី២៤៖ លោក ផាន់ ច័ន្ទសាក់៕