(សៀមរាប)៖ នៅថ្ងៃទី១ ខែ សីហា រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប៩៨នាក់ ក្នុងនោះជាសះស្បើយថ្មី ៥២នាក់ និងស្លាប់២នាក់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ដែលបានបង្ហាញអត្តសញ្ញាណអ្នកកើតថ្មី រួមមាន ករណីទី១ ដល់ទី៤ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។ ករណីទី៥ ដល់ទី១០ គឺជា ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីបន្ទាយមានជ័យ និងខេត្តកំពង់ចាម និងករណីទី១១ ដល់ទី២១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះករណីទី២២ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង៥២នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ចំណែកករណីស្លាប់ចំនួន២ករណី រួមមានទី១- ឈ្មោះ ផ្លោក សាន ភេទស្រី អាយុ៧៦ឆ្នាំ អាសយដ្ឋាននៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ និងបានស្លាប់ នៅថ្ងៃទី៣១ ខែកក្កដា ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ទី២- ឈ្មោះ សូ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា និងបានស្លាប់ នៅថ្ងៃទី០១ ខែសីហា ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥១៨នាក់ បានព្យាបាលជាសះស្បើយចំនួន២៣១៦នាក់ ស្លាប់៤៨នាក់ និង២១៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕