(ភ្នំពេញ)៖ សាលាខណ្ឌដូនពេញ នៅថ្ងៃអាទិត្យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច ប្រធានផ្នែកប្រជាការពាខណ្ឌដូនពេញ ក្រោមវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដោយអនុវត្តន៍បាននូវវិធានការសុខាភិបាល ជាពិសេសគោលការណ៍ «៣ការពារ និង៣កុំ» យ៉ាងខ្ជាប់ខ្ជួន។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខណ្ឌដូនពេញ បានតែងតាំងលោក កែម ហេង បច្ចុប្បន្នជាអនុប្រធានប្រជាការពារខណ្ឌ មកជាប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ ជំនួសលោក គឹម វុត្ថា ដែលត្រូវបានសម្រួលភារកិច្ចថ្មី។

នៅក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់មន្ត្រី ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងរវាង មន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីចូលរួមអនុវត្តកិច្ចការងារ តួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជា អង្គភាពទាំងមូល ជាពិសេសកិច្ចការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ តាមវិធានការបង្ការសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើគម្រូល្អ បន្តពង្រឹងសុវត្ថិភាព សុខភាពសាធារណៈ ចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងបុព្វហេតុសុខសន្តិភាព សុខមាលភាព និងការអភិវឌ្ឍ ក្នុងមូលដ្ឋានខណ្ឌជាដ៏រាបតរៀងទៅ៕