(កំពង់ឆ្នាំង)៖ សុនខរបស់កម្ពុជា ទទួលបានជោគជ័យ ជាជំហានដំបូងនៃការហ្វឹកហ្វឺន បន្ទាប់ពីពួកគេអាចមានសមត្ថភាព ក្នុងការស្រង់ក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ បានហើយ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។

លោក ហេង រតនា បញ្ជាក់ទៀតថា បន្ទាប់ពីជោគជ័យជំហានដំបូងនេះ សុនខហិតរកវីរុសកូវីដ១៩របស់កម្ពុជា នឹងចាប់ផ្តើមហ្វឹកហ្វឺនអនុវត្តន៍ផ្ទាល់ជាមួយអ្នកផ្ទុកវីរុសកូវីដ១៩ តែម្តង។

ការបញ្ជាក់របស់លោក ហេង រតនា បន្ទាប់ពីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកបានចុះមកពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។

លោកបន្តថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ ចំនួន៤៨សំណាកពីក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨ បានឆ្លងកាត់ត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ (Cell Culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៉ីម៉ាក់ បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។

លោកបញ្ជាក់ថា «សូមអបអរសាទរ ចំពោះសុនខ ក្រុមទី១ ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខ អាចហិតរកឃើញក្លិនសំណាក ក្នុងរយៈពេលប្រមាណតែ១០-១៥វិនាទី។ ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម»

លោកអគ្គនាយកបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។

លោកថា ផ្អែកតាមអ្នកជំនាញ មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ ពីមនុស្សទៅសុនខឡើយ។

លោកបញ្ជាក់ទៀតថា សុនខដែលទទួលការហ្វឹកហ្វឺនទាំងនេះ កើតនៅកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអរគុណចំពោះក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ៕