(បន្ទាយមានជ័យ)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន១៣,០០០ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក មកដល់ទឹកដីខេត្តឧត្តរមានជ័យហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្រាប់ចាក់ជូនមន្ត្រីរាជការស៊ីវិល អាជ្ញាធរ និងក្រុមគ្រូពេទ្យជួរមុខ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែសីហានេះ។
ការមកដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ លោកអភិបាលខេត្តក៏បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តជាច្រើនរូបទៀត មកទទួលផងដែរ។
អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំង ប្រភេទ AstraZeneca ចំនួន១៣,០០០ដូស ពីក្រសួងសុខាភិបាល សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខ ដូសលើកទី៣ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។ ដោយឡែកសម្រាប់កងកម្លាំងប្រដាប់អាវុធ គឺខាងក្រសួងការពារជាតិ ជាអ្នករៀបចំចាក់ ហើយនឹងមានកដឹកវ៉ាក់សាំងនេះមកជាបន្តបន្ទាប់»។
លោកបន្ថែមថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើមានវិជ្ជមានកូវីដ១៩។
សូមជំរាបថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។
ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕