(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធចុះត្រួតពិនិត្យការស្ដារមុខទឹកដើម្បីជួយស្រោចស្រពដល់ប្រជាពលរដ្ឋដែលត្រូវការទឹកនៅផ្នែកខាងក្រោម នាឱកាសនោះដែរលោកក៏បានអំពាវនាវឱ្យប្រជាកសិករ នាំគ្នាថែរក្សាប្រភពទឹកសម្រាប់ប្រើប្រាស់ ខណៈកូនរដូវប្រាំង និងកើតមានពាក់កណ្តាលខែសីហានេះ។
លោកអភិបាលបានគូសបញ្ជាក់ថា «ដែលតាមការព្យាករណ៍ និងកើតមានកូនរដូវប្រាំងដែលចាប់ផ្តើមពីខែកក្កដា ដល់ចុងខែសីហា អាចធ្វើឱ្យមានភាពរាំងស្ងួតហើយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំគ្រប់ប្រភេទរបស់បងប្អូនប្រជាកសិករ ជាពិសេសដការបង្កបង្នផលស្រូវ នៅតាមជនបទដែលពឹងផ្អែកទាំងស្រុងលើរបបទឹកភ្លៀង ហើយផលប៉ះពាល់នេះបាននិងកំពុងកើតមានលើបងប្អូនប្រជាកសិករមួយចំនួនរួចហើយនៅតាមស្រុកមួយចំនួន នៃខេត្តកំពង់ស្ពឺ»។
លោក វ៉ី សំណាង បានថ្លែងថា តាមេរៀនដែលទន្ទេញចាំពីក្មេងមក ប្រទេសកម្ពុជាយើង និងឆ្លងកាត់កូនរដូវប្រាំងចាប់ពីចុងខែកក្កដា ដល់ពាក់កណ្ដាលខែសីហា ជាក់ស្តែង ពេលនេះប្រទេសយើងបាននិងកំពុងជួបនូវកូនរដូវប្រាំង ហើយបានបង្កផលលំបាកយ៉ាងធំដល់ពុកម៉ែមាមីងបងប្អូនដែលប្រកបរបរធ្វើកសិកម្ម ជាពិសេសការងារបង្កបង្កើនផលស្រូវ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវថាសូមឱ្យប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់នៅក្នុងការថែរក្សាទឹកដែលអាចលេចធ្លាយជាយថាហេតុដោយប្រការណាមួយ ឱ្យបានគង់វង្សដើម្បីប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋ។
បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Nesw ថា ខេត្តកំពង់ស្ពឺមានក្រុង/ស្រុកចំនួន៨ ក្នុងនោះប្រជាពលរដ្ឋនៅតាមជនបទទាំងនោះភាគច្រើនពួកគាត់នៅបន្តធ្វើស្រែចំការតាមទំនៀមទំលាប់បុរាណនៅឡើយ។
ប្រធានមន្ទីររូបនេះ បានបន្តថា សម្រាប់ឆ្នាំនេះពួកគាត់បាននាំគ្នាធ្វើស្រែបានចំនួន១៤៦,៨៩១ហិកតា ដោយក្នុងនោះមានបងប្អូនខ្លះធ្វើដោយសង្ឃឹមលើទឹកភ្លៀងទាំងស្រុង និងខ្លះធ្វើទៅតាមបច្ចេកកសិកម្មដោយពឹងផ្អែកទៅប្រភពទឹកនិងប្រឡាយមេ។ ទន្ទឹមនឹងអាកាសធាតុមិនអំណោយផល និងស្របពេលដែលកូនរដូវប្រាំងបានកើតឡើងផងនោះ បានធ្វើឱ្យដំណាំស្រូវរបស់ប្រជាកសិករប្រមាណ ៤៦២ហិកតា ត្រូវរងការខូចខាត ប៉ុន្តែស្រូវទាំងនោះអាចនៅសង្គ្រោះបានខ្លះៗ បើមេឃនៅបន្តរាំងស្ងួតបែបនោះអាចនិងខូចខាតទាំងស្រុងក៏ថាបាន។
លោកបានបន្ថែមថា ចំពោះចំនួននៃការខូចខាតនេះដែរបានកើតឡើង មានស្រុកចំនួន៤ គឺស្រុកឧដុង្គ ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ បច្ចុប្បន្នមន្ទីរធនធានទឹកកំពុងដាក់ម៉ាស៊ីនដើម្បីបូមទឹកជួយសង្គ្រោះនៅតាមគោលដៅនោះហើយ។ ក្នុងនោះមានស្រុកគងពិសីចំនួន១៥២ ហិកតា ទួលធ្នង់ ៣៥ ហិកតា ព្រៃទួលចំនួន ២១០ហិកតា និងថ្លុកឈើទាលមានចំនួន ៦៥ហិកតា។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានបញ្ជាក់ផងដែរថា មន្ទីរបានដាក់ម៉ាស៊ីនបូមសង្គ្រោះមាន ៨គោលដៅ ហើយក្រៅពីគោលដៅទាំងនេះមន្ទីរ ក៏បានបែងចែកជាប្រេងទៅដល់កសិករផ្ទាល់ដែលមានម៉ាស៊ីនហើយបូមខ្លួនឯងផងដែរ។ ចំពោះស្រុកឧដុង្គដែលរងផលប៉ះពាល់ដែរនោះ មន្ទីរមិនអាចធ្វើការជួយសង្គ្រោះបាននោះទេដោយស្រុកមួយនេះមិនមានប្រភពទឹក៕