(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៧ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សំាំង នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ។ល។) ហើយមានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមអំពាវនាវដល់បងប្អូនដែលមិនទាន់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយភ្ជាប់ទៅជាមួយ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់។
ទីតាំងចាក់វ៉ាក់សាំងរួមមាន៖ មន្ទីរពេទ្យព្រះអង្គឌួង ពីថ្ងៃទី៩ ខែសីហា- ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ថ្ងៃទី៩ ខែសីហា- ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១៕