(ភ្នំពេញ)៖ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។
តាមសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហានេះ បានបញ្ជាក់ថា កម្ពុជាមានគោលបំណងជំរុញ ដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមសំខាន់ៗ ដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិត នៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ ក្នុងនោះរួមមានផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរកម្មអាស៊ាន។
សម្តេចបន្តថា យើងប្តេជ្ញាធ្វើឱ្យអាស៊ាន នៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «នៅពេលដែលយើងត្រៀមការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។ យើងនឹងព្យាយាមលើកកម្ពស់ ការការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈស្តីពីការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន»។
ការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និង សហគ្រិនភាពរបស់ស្ត្រី និងយុវជន គឺជាវិស័យដែលយើងត្រូវយកចិត្តទុកដាក់។ សហគ្រាសខ្នាតមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឲ្យ ៩៩% នៃស្ថាប័នធុរកិច្ចទាំងអស់ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ស្រ្តី (៦០% នៅក្នុងប្រទេសកម្ពុជា) និងបានផ្តល់ការងារសម្រាប់កម្លាំងពលកម្មជាង៨០% នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ ការគាំទ្រដល់វិស័យទាំងនេះ មិនត្រឹមតែជួយដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឲ្យយើង មានការខកខានក្នុងការសម្រេច នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ខណៈដែលមានការទទួលស្គាល់កាន់ តែច្រើនថាស្រ្តីមានតួនាទីលើសពីការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា នឹងជំរុញការគាំទ្រលើរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើសពីនេះទៀត យើងប្រាថ្នាលើកកម្ពស់កិត្តិនាម របស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិតាមរយៈសកម្មភាពនានា ដូចជាសកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ នៅពេលដែលយើងខិតខំ ផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ឱ្យក្លាយជាគ្រួសារដ៏រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៉ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក»។
កម្ពុជានឹងខិតខំស្វែងរកលទ្ធភាព ក្នុងការលើកកម្ពស់ ភាពជាដៃគូជាមួយដៃគូសន្ទនាអាស៊ាន ដែលមានស្រាប់ និងពង្រីកដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាពក្នុងតំបន់។
សម្តេចតេជោសង្ឃឹមថា ពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ គ្រប់គ្នានឹងចងចាំនូវដំណើរដ៏វែងឆ្ងាយ ដែលយើងបានឆ្លងកាត់អស់ជាង ពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ និងមានមោទនភាព ក្នុងនាមជាប្រជាជនអាស៊ាន ចាប់តាំងពីការកកើតអង្គការនេះមក។ នៅពេលដែលបន្តដំណើររួមគ្នាទៅមុខ សម្តេចមានជំនឿជឿជាក់ថា អាស៊ានត្រៀមលក្ខណៈបានយ៉ាងល្អ ក្នុងការជម្នះរាល់បញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់សាជាថ្មីថា ពីការប្តេជ្ញាចិត្ត និងសមត្ថភាព ក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនរបស់យើង៕