(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានលើកទឹកចិត្តឱ្យក្រុមការងារគណបក្សស្រុកបារាយណ៍ រួមទាំងគណបក្សឃុំផងដែរ ត្រូវខិតខំរួមគ្នាដឹកនាំការអនុវត្តវិធានការ ៣-កុំ និង ៣-ការពារ ឱ្យដើរទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ឱ្យទៅក្លាយជាយុទ្ធនាការគំរូល្អ» ដើម្បីជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋានងើបឡើងវិញផង និងអាចបង្ការការពារពីការរីករាលដាលជំងឺកូវីដផង។
ការលើកឡើងរបស់លោក ថោង ខុន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ រួមជាប្រធានគណបក្ស និងសមាជិកគណបក្សថ្នាក់ស្រុក និងថ្នាក់ឃុំ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
ការងារដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ គឺមានពីរចំណុចសំខាន់ៗ រួមមាន៖
ទី១៖ ការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានលោក ថោង ខុន ណែនាំបន្ថែមនូវចំណុចមួយចំនួនទៀត ដូចជា៖
* ត្រូវបានប្រឹងប្រែងសម្រួលដល់ប្រជាពលរដ្ឋក្នុងពេលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ពិសេសត្រូវចុះត្រួតពិនិត្យនៅតាមមូលដ្ឋានប្រជាពលរដ្ឋឱ្យបានគ្រប់ច្រកល្ហក «ថាតើពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី២ អស់ហើយឬនៅ» នេះគឺចំពោះប្រជាពលរដ្ឋពេញវ័យឡើងទៅ, ចំណែកឯកុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ ឆ្នាំ ក៏ត្រូវត្រួតពិនិត្យដែរថា «តើពួកគេបានចាក់វ៉ាក់សាំងដូសទី១ អស់ហើយឬនៅ»។ ប្រសិនបើមានប្រជាពលរដ្ឋណាដែលមិនទាន់ទៅទទួលការចាក់វ៉ាក់សាំង ត្រូវចាត់ចែងសម្រួលជូនពួកគាត់ជាបន្ទាន់។
* ទន្ទឹមនឹងការចាក់វ៉ាក់សាំងនេះ ក្រុមការងារគណបក្សស្រុក-ឃុំ ក៏ត្រូវដឹកនាំការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ឱ្យបានម៉ឺងម៉ាត់ផងដែរ។ លោក ថោង ខុន បានលើកទឹកចិត្តបន្ថែមថា «ក្រុមការងារគណបក្សស្រុកបារាយណ៍ រួមទាំងគណបក្សឃុំផងដែរ ត្រូវខិតខំរួមគ្នាដឹកនាំការអនុវត្តវិធានការ ៣-កុំ និង ៣-ការពារនេះ ឱ្យដើរទន្ទឹមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យទៅក្លាយជាយុទ្ធនាការគំរូមួយ ដើម្បីជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានងើបឡើងវិញផង និងអាចបង្ការការពារពីការរីករាលដាលជំងឺកូវីដផង»។
* ចំពោះការងារត្រៀមទទួលពលករបន្តមកពីតំបន់ព្រំដែន ត្រូវចូលរួមអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន ពីព្រោះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ហើយ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ អំពីការងារនេះ។ ដូច្នេះលោក ថោង ខុន ក៏បានផ្ដល់យោបល់បន្ថែមដល់អាជ្ញាធរស្រុកថា ឱ្យត្រូវយកចិត្តទុកដាក់អំពីអាការៈ សុខទុក្ខរបស់ពួកគាត់ផងដែរ ពិសេសគឺត្រូវមានការពិនិត្យធ្វើតេស្តលើពួកគាត់ឱ្យបានត្រឹមត្រូវ ត្រូវមានការទំនុកបម្រុងដល់ការធ្វើចត្តាឡីស័ក និងការព្យាបាលពួកគាត់ សំដៅធ្វើយ៉ាងណាកុំឱ្យមេរោគកូវីដ-១៩ ប្រភេទដើម និងប្រភេទមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta ជាដើម។
* ការរស់នៅតាមប្រក្រតីភាពថ្មី (New Normal) ពិតជាការងារដែលត្រូវជំរុញក្នុងដំណាក់កាលកូវីដនេះ ដូច្នេះហើយទើបលោក ថោង ខុន ដាក់ទិសដៅឱ្យអាជ្ញាធរស្រុកបារាយណ៍ដឹកនាំការងារនេះឱ្យបានល្អ ដើម្បីជំរុញឱ្យប្រជាជនចេះទម្លាប់ជាមួយការរស់នៅតាមប្រក្រតីភាពថ្មី។
* ត្រូវកាត់បន្ថយការជួបជុំគ្នាច្រើន ពិសេសអធិការស្រុកត្រូវតាមដានជាប្រចាំ មិនអោយមានសកម្មភាពលេងល្បែងស៉ីសង និងទប់ស្កាត់ការជួបជុំស៉ីផឹក ដែលជាការបង្កហានិភ័យខ្ពស់ចំពោះការចម្លង និងការឆ្លងជំងឺកូវីដ-១៩។
ទី២៖ ការងារត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៖
* ត្រូវធ្វើតាមគោលការណ៍របស់គណបក្ស ក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះតាមឃុំនីមួយៗ ដើម្បីបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមូលដ្ឋាន។ ត្រង់ចំណុចនេះ លោក ថោង ខុន បានណែនាំឱ្យគណបក្សស្រុក-ឃុំព្យាយាមរកបេក្ខជនដែលជាយុវជនឱ្យបាន ១/៣ តែក៏ត្រូវតែជាអ្នកដែលប្រជាជនពេញចិត្ត គាំទ្រ និងមានសមត្ថភាពគ្រប់គ្រាន់ផងដែរ។
* ត្រូវខិតខំពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានបន្ថែមទៀតផងដែរ ប៉ុន្តែដើម្បីពង្រីកសមាជិកបក្សបាន គឺអាជ្ញាធរក៏ត្រូវជួយឱ្យពលរដ្ឋមានជីវភាពសមស្រប ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ពេញចិត្ត គាំទ្រ កុំធ្វើបាបពួកគាត់ជាដាច់ខាត។ លោកបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរស្រុក អាជ្ញាធរឃុំ ត្រូវចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន តែក៏មិនត្រូវពាំងមុខការពារជនទុច្ចរិតនោះឡើយ។
* ការងារដែលសំខាន់មួយទៀត គឺត្រូវចូលរួមជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រភេទថ្មី) ជូនប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យបានគ្រប់គ្នា ពិសេសសមាជិកបក្សតែម្ដង។
ក្រៅពីនេះដែរ លោក ថោង ខុន បានបន្តអំពាវនាវដល់ក្រុមការងារចុះជួយស្រុកបារាយណ៍ ជួយចូលរួមឧបត្ថម្ភដល់ព្រះសង្ឃនៅតាមទីវត្តអារាមមួយចំនួនដែលមានការខ្វះខាត ក្នុងរយៈពេលគង់ចាំព្រះវស្សានេះ។
ជាមួយគ្នានោះ លោកប្រធាន ថោង ខុន ក៏បានឧបត្ថម្ភថវិកាជូនរដ្ឋបាលស្រុកបារាយណ៍សម្រាប់បម្រើដល់ការងារដឹកជញ្ជូនសព និងបូជាសពអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២០ លានរៀល ព្រមទាំងបានអំពាវនាវទៅកាន់ក្រុមការងារចុះជួយស្រុក សូមចូលរួមឧបត្ថម្ភទំនុកបម្រុងក្នុងកិច្ចការបម្រើប្រជាពលរដ្ឋនេះបន្ថែមទៀតផងដែរ ពីព្រោះអាជ្ញាធរស្រុកក៏មិនបានធនធានសម្រាប់ធ្វើកិច្ចការនេះគ្រប់គ្រាន់នោះឡើយ។
លោក ថោង ខុន ណែនាំឲ្យរដ្ឋបាលស្រុកបារាយណ៍ត្រៀមទទួលពលរដ្ឋពីមណ្ឌលចត្តាឡីស័កព្រំដែន ជំរុញលើកទឹកចិត្ត ការអនុវត្តវិធានការ៣កុំ-៣ការពារ និងការចាក់វ៉ាក់សាំង ឱ្យក្លាយជាយុទ្ធនាការគំរូ៕