(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានការងារបន្ទាន់ និងសំខាន់ៗចំនួន៥ ដែលអាស៊ានត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមសារលិខិតអបអរសាទរ របស់សម្តេចតេជោ ក្នុងឱកាសទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហានេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាទិភាពចំពោះមុខរបស់យើងនៅពេលនេះ គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្ត បន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុសកូវីដ១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ការងារបន្ទាន់របស់យើង គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពនឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងនាមជាអង្គការតំបន់ អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបាន ជូនប្រជាជនរបស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ខាងផ្នែកសេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ដោយបានប្រែក្លាយខ្លួនទៅអំណាចសេដ្ឋកិច្ចដ៏ធំលំដាប់ទី៣នៅទ្វីបអាស៉ី និងលំដាប់ទី៦ នៅក្នុងសាកលលោក។ តែពេលនេះ អាស៊ានកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន។
ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក បានទាញសេដ្ឋកិច្ចតំបន់ និងសាកលលោកឱ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនេះ កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននិងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ទាំងមូល។
នេះយើងមិនទាន់រាប់បញ្ចូល ទាំងបញ្ហាប្រឈមមិនប្រពៃណី ដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតដែលអាស៊ានកំពុងតែជួបប្រទះ មានដូចជាបញ្ហានៃការវិវត្តផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបញ្ហាភេរវកម្ម។ល។ គឺនៅក្នុងបរិបទនេះហើយ ដែលមិនដល់៥ ខែទៀតទេ កម្ពុជានឹងទទួលតួនាទីជាប្រធានប្តូរវេន របស់អាស៊ានជាលើកទី៣ គិតចាប់តាំងពីបានចូលរួម ក្នុងសមាគមនេះក្នុងឆ្នាំ១៩៩៩។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, អំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានភាពបើកចំហរ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។ កាន់តែសំខាន់ជាងនេះទៅទៀត ដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជននៅក្នុងតំបន់ទាំងមូល ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ៕