(ពោធិ៍សាត់)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៧,៥២០ដូស ដែលបានដឹកមកដល់ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ នឹងត្រូវរៀបចំដំណើរការចាក់ សម្រាប់ដូសទី៣ (ជាដូសជំរុញ) នាព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះ ដើម្បីចាក់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ។
ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះ, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ បានចង្អុលការដល់មន្ទីរជំនាញ ឱ្យរៀបចំចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ជាដូសជំរុញ) សម្រាប់មន្ត្រីជួរមុខ នៅថ្ងៃទី០៨ ខែសីហា ស្អែកនេះ ហើយនិងបន្តទៅថ្ងៃបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាអនុវត្តន៍ឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។
កាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។
ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕