(ស្វាយរៀង)៖ លោកស្រីកិត្តិសហង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានក្រើនរំឭកដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងពេលព្យបាលអ្នកជំងឺកូវីដ១៩។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាឱកាសនាំយកអំណោយ និងស្បៀងជូនក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀងចំនួន ៦២ នាក់ ដែលមានវិជ្ជមានកូវី១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានកោតសសើរនូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយពុំខ្លាចនឿយហត់។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័សេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានជួយព្យាបាលថែទាំ ក៏ដូចជាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកនៅខេត្តស្វាយរៀង។
អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល មី ១កេស ទឹកដោះគោឆៅ ១ឡូ ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកសម្លាប់មេរោគ ៥លីត្រ សាប៊ូ ៥ដុំ។ នៅក្នុងថ្ងៃដដែលនោះផងដែរ លោកស្រីក៏បានបន្តនាំយកស្បៀង និងថវិកាជូនប្រជាពលរដ្ឋ ៧គ្រួសារ ដែលកំពុងចត្តាឡីស័កនៅផ្ទះ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ១២ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ម៉ាស់ ២ប្រអប់ ទឹកដោះគោ ៣កំប៉ុង សាប៊ូ ៤ដុំ និង នំ ១យួរ៕