(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ដែលបានចាត់តាំងឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមកពីបណ្តារាជធានី-ខេត្តផ្សេងៗ គ្នាមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅឃុំដូនស និងឃុំធ្លក នៃខេត្តស្វាយរៀង ដើម្បីពន្លឿក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានឆាប់ និងទាន់ពេលវេលា ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ នៅពេលដែលចប់បេសកកម្មនៅខេត្តស្វាយរៀង ហើយនឹងត្រូវបន្តទៅខេត្តណាផ្សេងទៀត ក៏សូមរក្សានូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ធ្វើជាមន្ត្រីល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានប្រគល់អំណោយ និងថិកាក្នុងម្នាក់ៗទទួលបាន១៣ម៉ឺនរៀល អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១០កំប៉ុង នំអន្សម ១ផងដែរ៕