(ភ្នំពេញ)៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានញ្ជាក់ថា ក្នុងរយៈពេលពេញ១ថ្ងៃ ក្រោយរាជរដ្ឋាភិបាល បានបញ្ចប់ការបិទព្រំដែន មានពលករខ្មែរ ចំនួន១,៣៩០នាក់ ត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយក្នុងចំណោមពលករទាំងនោះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤៩នាក់។
របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញនាពេលនេះ ត្រូវបានបញ្ជូនទៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឡែកសម្រាប់ពលករដែលពាក់ព័ន្ធជាមួយពលករដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក៏ត្រូវបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនរៀងៗខ្លួន។
សម្រាប់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការបិទព្រំដែននៅតាមបណ្តាខេត្តជាមួយប្រទេសថៃ ក្រោយបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩។
សម្រាប់ថ្ងៃនេះ អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានសហការជាមួយកម្លាំងចម្រុះ និងមន្ត្រីសុខាភិបាល រៀបចំការធ្វើតេស្តរហ័ស ទៅលើពលករខ្មែរទាំងនោះ នៅច្រកព្រំដែនដែលពួកគេ ធ្វើដំណើរឆ្លងកាត់មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៕