(ភ្នំពេញ)៖ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមសេចក្តីប្រកាសរបស់ គ.អ.ឆ.ក បានឱ្យដឹងថា ឆ្នេរនេះ នឹងត្រូវរៀបចំកែលម្អទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ ខ្សាច់សល្អសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ ថវិកាសម្រាប់ការរៀបចំកែលមួឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅ លើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ។
«គម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារ សំដៅលើកកម្ពស់សោភណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញភ្ញៀវទេសចរ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ»។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលិខិតរបស់រាជរដ្ឋាភិបាល៖