(ភ្នំពេញ)៖ មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ដែលកំពុងបម្រើការងារនៅ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអះអាងថា ខ្លួនកំពុងរងគ្រោះ នូវភាពអយុត្តិធម៌ ជាមួយកូនប្រុសស្រី៥នាក់ បន្ទាប់ប្រពន្ធស្លាប់ចោល ហើយត្រូវឪពុកម្តាយក្មេក ដែលត្រូវជីដូនជីតារបស់ចៅៗ៥នាក់ រៀបគម្រោងប្តឹងតុលាការ ឲ្យរឹបអូសយកទ្រព្យសម្បត្តិ ដីផ្ទះ ធ្វើឲ្យរូបគាត់ និងកូនៗព្រាត់ប្រាស បែកបាក់គ្រួសារគ្មានសល់ឡើយ។
លោកវរសេនីយ៍ត្រី រៀង ឧត្តម ដែលត្រូវប្រពន្ធស្លាប់ចូល ហើយរងគ្រោះជាមួយ កូនប្រុសស្រី៥នាក់ បានរៀបរាប់ដំណើររឿងប្រាប់ Fresh News ថា លោកមានប្រពន្ធឈ្មោះ ហ៊ាង ធារី បានរស់នៅជាមួយគ្នា នៅដើមឆ្នាំ២០១២ ដោយប្រពន្ធរបស់លោក ជាស្ត្រីមេម៉ាយ មានកូន៣នាក់ (កូនមុន)។ លោក និងប្រពន្ធមានកូន២នាក់ ដោយកូនចុងក្រោយ ប្រពន្ធរបស់លោកបានស្លាប់ ដោយសារឆ្លងទន្លេនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយកាលប្រពន្ធលោកមិនទាន់ស្លាប់ បានទិញផ្ទះ និងដីពីរកន្លែងដោយផ្ទះ មួយកន្លែង នៅទីក្រុងភ្នំពេញ នៅផ្លូវលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឲ្យកូនទាំង៣នាក់របស់គាត់ (កូនមុន) ស្នាក់នៅ និងដីផ្ទះមួយកន្លែងនៅខេត្តរតនគិរី។
លោកថា ដី និងផ្ទះទាំង២កន្លែងនេះ ប្រពន្ធរបស់លោកមិនបានដាក់ឈ្មោះខ្លួនឯងទេ គឺដាក់ឈ្មោះប្អូនបង្កើត ឈ្មោះ ហ៊ាង លាងឆេង (ដីនៅរតនគិរី) និងដាក់ឈ្មោះឪពុកមា ឈ្មោះ ស៊ីម យូសៀង (ផ្ទះនៅភ្នំពេញ) ដោយការដាក់ឈ្មោះនេះ ដើម្បីអាចឲ្យអ្នកទាំងពីរនាក់ នោះមានលទ្ធភាពអាចយកប្លង់ទៅខ្ចីលុយធនាគារ។ ប៉ុន្តែចាប់ពីពេលប្រពន្ធរបស់លោកស្លាប់ទៅ ស្រាប់តែប្អូនប្រុសបង្កើត របស់ប្រពន្ធលោក និងឪពុកមា ទាំងពីរនាក់នោះ យកផ្ទះ និងដីទៅប្រគល់ឲ្យឪពុកម្តាយក្មេករបស់លោក នឹងបានដេញកូនទាំង៣នាក់ ចេញពីផ្ទះនៅភ្នំពេញ រហូតដល់គ្មានកន្លែងជ្រកកោន ដើរជួលផ្ទះគេរស់នៅ និងទៅនៅជាមួយគេផងដែរ។ លើសពីនេះក្រុមគ្រួសារ នោះមិនអស់ចិត្ត បានប្តឹងទៅតុលាការ ខេត្តរតនគិរី ដើម្បីចង់រឹបអូសដីផ្ទះ ដែលលោកនឹងគ្រួសារកំពុងរស់នៅជាមួយកូនៗថែមទៀត។
លោក រៀង ឧត្តម បានរៀបរាប់បន្តទៀតថា ក្នុងរឿងក្តីក្តាន់នេះតុលាការបាចេញដីការក្សាការពារ នូវទ្រព្យសម្បត្តិនោះ ហើយលោកបានប្តឹងឡើងដល់តុលាការកំពូល ដើម្បីជួយរកយុត្តិធម៌ផងដែរ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ស្រាប់តែមាន ការអនុវត្តន៍សាលក្រមលើសុំណុំរឿងលេខ ៣១ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ របស់លោក ដោយបានធ្វើការរឹបអូសផ្ទះសំបែង និងដីធ្លីរបស់លោកនៅខេត្តរតនគីរី ធ្វើឲ្យលោក និងកូនៗ គ្មានផ្ទះសំប្បែងជ្រក ដើររកជួលផ្ទះគេនៅទៅវិញ។
មន្ត្រីនគរបាលរូបនេះបន្ថែមទៀតថា មិនត្រឹមតែចង់បានផ្ទះនៅភ្នំពេញ និងផ្ទះដីនៅរតនគិរីប៉ុណ្ណោះទេ ឪពុកម្តាយក្មេកចិត្តខ្មៅ របស់លោកថែមទាំងបានប្តឹង ទាមទារយកដី៥កន្លែងផ្សេងទៀត ដែលលោក និងប្រពន្ធបានទិញ នៅក្នុងខេត្តរតនគិរី មកធ្វើជាកម្មសិទ្ធិរបស់ពួកគាត់ថែមទៀត ដែលដីទាំង៥កន្លែងនោះ មានដីលោកទិញដាក់ឈ្មោះខ្លួនឯង ដីដាក់ឈ្មោះទាំងពីរនាក់ ប្តីប្រពន្ធ និងដីដែលដាក់ឈ្មោះតែប្រពន្ធរបស់លោកម្នាក់ឯងផងដែរ ប៉ុន្តែឪពុកម្តាយក្មេករបស់លោក នៅតែចង់បានដោយមិនគិត ចៅៗរបស់គាត់ភ្នែកខ្មៅ ដែលគ្មានទីជម្រកឡើយ។
លោកវរសេនីយ៍ត្រី រៀង ឧត្តម បានអះអាងថា អ្វីដែលលោកបាននិយាយនេះ សុទ្ធតែជាការពិត និងស្នើដល់ថ្នាក់ដឹកនាំស្ថាប័ន តុលាការ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយស្វែងរកយុត្តិធម៌ ដល់គ្រួសាររបស់លោកផងដែរ គឺលោកពិតជា ទទួលរងនូវភាពអយុត្តិធម៌ណាស់ ហើយលោកសង្ឃឹមថា តុលាការកំពូលផ្តល់ភាពយុត្តិធម៌ ដល់រូបលោក និងកូនៗជាក់ជា មិនខានឡើយ។ យ៉ាងណាក៏ដោយពាក់ព័ន្ធ នឹងការលើកឡើងនូវភាពអយុត្តិធម៌របស់ លោកវរសេនីយ៍ត្រី រៀង ឧត្តមនេះ អង្គភាព Fresh News មិនអាចស្វែងរកការបញ្ជាក់ពីអ្នកស្រី ស៊ីម គឹមស្រ៊ុន និង លោក យ៉ុន ប៊ុនហ៊ាង ដែលជាម្តាយក្មេក និងជាជីដូនជីតា របស់ក្មេងៗទាំង៥នាក់នៅឡើយទេ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺគ្រប់ពេលវេលា៕