(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាប្រធានគម្រោងធានាជីវភាពរស់នៅរបស់ប្រជាពលករមាតុភូមិនិវត្តន៍ ដែលគ្មានការងារធ្វើ និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាប បានអញ្ជើញផ្តល់ពូជត្រីអណ្តែង ដល់ពលរដ្ឋជួបការលំបាកអំឡុងពេលមានជំងឺកូវីដ១៩។ ការផ្តល់ជូននេះ គឺស្ថិតក្នុងគម្រោងរបស់អង្គការ GIZ។
ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា គណៈភិបាលស្រុក អាជ្ញាធរ ភូមិ ឃុំ ក្នុងមូលដ្ឋាន ក្រុមការងារគម្រោង។ ពិធីប្រគល់ពូជត្រីអណ្តែង ត្រូវបានរៀបចំនៅបរិវេណសាលាឃុំជីក្រែង ស្រុកជីក្រែង និងឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សម្រាប់គម្រោងនេះត្រូវអនុវត្តនៅស្រុកគោលដៅចំនួន៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដោយមានប្រជាពលរដ្ឋចំនួន ៦០០គ្រួសារ ដែលជួបការលំបាក និងរងផលប៉ះពាល់។ គម្រោងនេះ មានការចិញ្ចឹមត្រី ចិញ្ចឹមមាន់ កង្កែប និងដាំបន្លែ។ គម្រោងនេះ មានរយ:ពេលអនុវត្តត្រឹមតែរយ:ពេល ៤ខែ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមជំនួយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការGIZ៕