(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការនៃគណបក្សស្រុកបន្ទាយស្រី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី និងមានការចូលរួមពីសំណាក់លោកអនុប្រធានក្រុមការងារចុះជួយស្រុកបន្ទាយស្រី និងជាប្រធានក្រុមការងារចុះជួយឃុំទាំង ៦ ក្នុងស្រុកបន្ទាយស្រី លោកប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនស្រុកបន្ទាយស្រី លោកប្រធានក្រុមការងារយុវជនគណបក្សខេត្តចុះជួយស្រុកបន្ទាយស្រី និងលោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនឃុំទាំង ៦។

ក្នុងពិធីនេះលោក ង៉ាន់ ភិរុណ បានផ្សព្វផ្សាយអំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិក-សមាជិកាទាំងអស់ និងបានណែនាំដល់សមាជិក-សមាជិកាគណបក្សស្រុក គណបក្សឃុំ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយនាពេលនេះ ដែលជាការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ និងការងារអាទិភាពរបស់គណៈកម្មាធិការគណបក្សស្រុក។

ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំពិធី និងកិច្ចប្រជុំផ្សេងៗឱ្យបានសមស្រប តាមសភាពការណ៍ជាក់ស្ដែង ពិសេសត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមវិធានការ «៣ការពារ និង៣កុំ» ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានច្បាស់លាស់ ដូចជា ការប្រជុំ ការរៀបចំបូកសរុបលទ្ធផលការងាររបស់ខ្លួនឱ្យបានជាប់ជាប្រចាំ តាមសេចក្ដីណែនាំរបស់គណបក្សបានកំណត់។

ជាមួយគ្នានេះ លោកបានជំរុញឱ្យបន្តកសាងពង្រឹងលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់។

ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឈរលើមូលដ្ឋានក្តាប់ជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស និងបទពិសោធន៍នៃការបោះឆ្នោតនាពេលកន្លងមក យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមប្រតិទិនការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខិតខំរៀបចំសមាសភាពបេក្ខជនឱ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសឱ្យបាននូវបេក្ខជនវ័យក្មេង និងបេក្ខនារី ដែលប្រជាជនក្នុងមូលដ្ឋានស្រលាញ់រាប់អាន គាំទ្រ និងជឿទុកចិត្ត ព្រមទាំងបង្កលក្ខណៈសម្បត្តិឱ្យសមាសភាពបេក្ខជនទាំងនោះធ្វើសកម្មភាពកាន់តែល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនេះ គណៈកម្មាធិការបក្សស្រុកត្រូវសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ រួមគ្នារៀបចំគម្រោងផែនការថវិកាសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា៕