(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ក្រុងកំពត ៣២១នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសនេះបានធ្វើឡើងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ៤០០នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤២ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។
លោកបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
ទន្ទឹមនេះ លោក ជាវ តាយ ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ពលរដ្ឋ។
លោកបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
ព្រមជាមួយគ្នានេះ លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាប្រមាណ ៧,៤២០,០០០ រៀល ដល់គណបក្សក្រុងកំពត និងសមាជិកសមាជិកាថ្មី និងផ្តល់ឯកសារសំខាន់ៗមួយចំនួន រួមទាំងអាវ-មួកគណបក្សផងដែរ៕