(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ ដើម្បីពន្លឿនការរៀបចំមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ខណៈដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ឱ្យដំណើរការសិស្សចូលរៀនវិញនេះ លោក អ៊ុន ចាន់ដា បានរៀបចំឃ្លាំងពាណិជ្ជកម្ម ស្ថិតនៅក្នុងស្រុកកំពង់សៀម ឲ្យក្លាយទៅជាមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីផ្ទេរអ្នកជំងឺកូវីដ១៩ ពីមន្ទីរពេទ្យ នៃវិទ្យាល័យសីហនុ មកព្យាបាលនៅមន្ទីរពេទ្យថ្មីនេះវិញ ដោយរដ្ឋបាលខេត្ត និងប្រគល់វិទ្យាល័យសីហនុសម្រាប់ឲ្យសិស្សចូលរៀនវិញ។
មន្ត្រីបានបន្តថា ជាលទ្ធផល ឃ្លាំងពាណិជ្ជកម្មនោះត្រូវបានជួសជុលរៀបចំបានជាង៥០ភាគរយហើយ។ ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានណែនាំឱ្យជាងពន្លឿនការរៀបចំឲ្យបានឆាប់រហ័ស។ ម្យ៉ាងទៀត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលថ្មីនេះនឹងត្រូវធ្វើរបងព័ទ្ធជុំវិញដើម្បីការពារសុវត្ថិភាពផងដែរ៕